នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវដល់អាណាព្យាបាល ត្រូវអប់រំណែនាំ កូន-ក្មួយ របស់ខ្លួន ឱ្យចាកចេញ ឱ្យឆ្ងាយពីក្រុមជ្រុលនិយម ជាបន្ទាន់ ព្រោះជាបញ្ហាគ្រោះថ្នាក់
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អាណាព្យាបាល ត្រូវធ្វើការអប់រំណែនាំ កូន-ក្មួយ របស់ខ្លួនចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមជាបន្ទាន់ ព្រោះជាបញ្ហាគ្រោះថ្នាក់។
នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដើម្បីប្រមូលកម្លាំងធ្វើបាតុកម្មនោះ គឺជាអំពើខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលជាកងកម្លាំងនគរបាលជាតិទាំងមូល គឺមិនអនុញ្ញាតជាដាច់ខាត។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «យើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំ មិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត»។
នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដថា កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ ដូច្នេះ ត្រូវការពាររដ្ឋ ជាដាច់ខាត មិនឲ្យអ្នកណាមកបំផ្លិចបំផ្លាញតាមបែបមិនប្រជាធិបតេយ្យឡើយ។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់ដល់ ឪពុក-ម្តាយ អាណាព្យាបាល របស់ក្រុមក្មេងៗ ត្រូវធ្វើការអប់រំណែនាំដល់ កូន-ក្មួយ របស់ខ្លួនឱ្យចាកចេញ ឱ្យឆ្ងាយពីក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា «ខ្ញុំ អំពាវនាវហើយ អំពាវនាវទៀត ទៅដល់អាណាព្យាបាល អ្នកពាក់ព័ន្ធទាំងអស់ ណែនាំ កូន ក្មួយ សាច់ញ្ញាត មិត្តភ័គ ប្រសិនបើមានចូលទៅក្នុងក្រុមនេះ (ក្រុមជ្រុលនិយម) គឺសុំដកខ្លួនចេញ ថយជាបន្ទាន់ ព្រោះវាជាបញ្ហាគ្រោះថ្នាក់។ ប្រឹងរៀនសូត្រ ប្រឹងចូលរួមធ្វើការងារសង្គម ដើម្បីសង្គមជាតិយើងទាំងមូល កុំចេះតែជឿតាមការញុះញង់ បំបែក បំបាក់ តាមអ្នកវិភាគមួយក្ដាប់តូច ឬអ្នកនៅខាងក្រៅ អ្នកដែលជ្រុលនិយម ទាំងក្នុង និងនៅខាងក្រៅ នោះ គឺគ្មានបានស្អីនោះទេ»។
សូមរំលឹកថា តាមរយៈសារសំឡេងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីពន្យល់បន្ថែមពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ហើយនោះ បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ