ខេត្តស្វាយរៀង ៖ មានមេឃភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗ នៅរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ បានបណ្តាលឲ្យមានផ្ទះរបស់ប្រជាពលរដ្ឋ ១៦៧ខ្នង ប៉ើងដំបូល រលំ និងសាលារៀន សាលាឃុំផងដែរ។



យោងតាមអាជ្ញាធរមូលដ្ឋានឲ្យដឹងថានៅរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ មានមេឃភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ក្នុងនោះប៉ះពាល់ដល់សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ក្នុងហេតុការណ៍នេះ។



ប្រភពបានបន្តទៀតថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ បានរងផលប៉ះពាល់ចំនួន២ឃុំ ក្នុងស្រុករំដួល ទី១.ឃុំ ម៉ឺនជ័យ ចំនួន១៥៨ខ្នង រងផលប៉ះពាល់ស្រាល១៤២ខ្នង មធ្យម៦ខ្នង ធ្ងន់៩ខ្នង សាលាឃមួយខ្នង និងទី២.ឃុំ ស្វាយចេក រងផលប៉ះពាល់ចំនួន៩ខ្នង ស្រាលចំនួន៨ខ្នង ធ្ងន់មួយខ្នង។


ពាក់ព័ន្ធករណីខ្យល់កន្ត្រាក់នេះផងដែរកន្លងមក ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ក្នុងសូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឲ្យលេងទីវាលពេលមេឃភ្លៀង ព្រោះអាចគ្រោះថ្នាក់ ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ