ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការនាំយកខ្លាធំឬខ្លាដំបងមកកម្ពុជា មិនបង្កឱ្យមានការព្រួយបារម្ភ ចំពោះការរស់នៅរបស់សហគមន៍នោះទេ។ វត្តមានខ្លាធំនឹងជួយដល់បរិស្ថានស្អាត ជួយពង្រឹងសុវត្ថភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងការរស់នៅដោយចីរភាពថែមទៀត។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនាថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីមានការលើកឡើង ពីការព្រួយបារម្ភចំពោះការនាំយកខ្លាធំមកកម្ពុជា ក្រោមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឥណ្ឌា ដែលបានកណត់ថា នាំខ្លាធំចំនួន៤ក្បាល (ញី៣ក្បាល) មកកម្ពុជា ក្នុងជំហានទី១ នាចុងឆ្នាំនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានស្នើសុំឱ្យសាធារណជនមេត្តាកុំមានការព្រួយបារម្ភចំពោះវត្តមានខ្លាធំ។ ខ្លាធំធ្លាប់មានប្រវត្តិរស់នៅកម្ពុជា ហើយទើបតែបាត់ដានក្នុងឆ្នាំ២០០៧ កន្លងមកនេះ។ វត្តមានសត្វខ្លាធំនៅក្នុងតំបន់ការពារធម្មជាតិ នឹងជួយធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ និងសត្វព្រៃមានតុល្យភាព និងល្អប្រសើរផងដែរ លើសពីនេះគឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រែងរបស់កម្ពុជាក្នុងការអភិរក្សសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ផែនការស្តារសត្វខ្លាធំរបស់កម្ពុជា បានរៀបចំរួចជាស្រេច ដែលរួមចំណែកផ្តល់ប្រយោជន៍ថែមទៀតដល់ព្រៃឈើ សត្វព្រៃ ជីៈចម្រុះ និងទីជម្រកសត្វព្រៃប្រកបដោយនិរន្តរភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះ គឺសត្វខ្លាធំអាចបង្កើនចំណូលថវិកាដល់សហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា។

សូមបញ្ជាក់ថា កន្លងមកនេះ ក្រសួងបរិស្ថាន បានបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ស្តារសត្វខ្លាធំឡើងវិញ, បានកសាងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីអនុវត្តច្បាប់ ចំនួន២០៦នាក់, បានរៀបចំផែនការសកម្មភាពស្តារសត្វខ្លាធំ បានរួចរាល់និងច្បាស់លាស់, បានធ្វើការសិក្សាលើទីជម្រក រួមទាំងរំពាសត្វខ្លាធំ ក្នុងតំបន់ការពារធម្មជាតិទាំង៦ នៃតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១៧,៤៣៤គីឡូម៉ែត្រការ៉េ។ ក្រុមការងារជំនាញ បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា៖ ស្ថានីយស្តារសត្វខ្លាធំ ត្រៀមរំពា (ឈ្លូស ប្រើស ជ្រូកព្រៃ) ដើម្បីបន្សាំនឹងលក្ខខណ្ឌទីជម្រកមុនពេលលែងចូលព្រៃធម្មជាតិ, រៀបចំមណ្ឌលតាមដានសត្វខ្លាធំ ដែលមានតួនាទី ដែលប្រយោជន៍ឱ្យដឹងពីដំណើររប់សត្វខ្លានៅក្នុងព្រៃ ព្រោះនៅពេលខ្លាធំមកដល់យើងនឹងដោះលែងចូលក្នុងព្រៃ និងត្រូវបានបំពាក់ប្រព័ន្ធតាមដាន (GPS) ដើម្បីតាមដានការចល័តរបស់សត្វខ្លាធំ ២៤ម៉ោង លើ២៤ម៉ោង។ ដូច្នេះ នៅពេលសត្វខ្លាធំចល័តដល់កន្លែងណាមួយក្រុមការងារជំនាញនឹងអាចដឹងច្បាស់ពីដំណើររបស់ពួកវា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ