ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីត្បិតតែកម្ពុជា កំពុងបន្តរីករាយ ទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ។

តាមសារលិខិតជូនពររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ព្រមទាំងថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំងអស់ ឲ្យខិតខំបន្តស្មារតីតស៊ូ អធន យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលជាបុរេលក្ខណៈមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ។

សម្ដេចធិបតី បន្ដថា សម្រាប់ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួល ស្មុគស្មាញប្រឈម នឹងបញ្ហាវិបត្តិជាច្រើនដែលមានលក្ខណៈជាសកល និងបានជះឥទ្ធិពលប៉ះពាល់ដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ និងសុខភាពសាធារណៈ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះផងដែរ។

សម្ដេចធិបតី មានប្រសាសន៍ថា «ចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីត្បិតតែយើងកំពុងបន្តរីករាយ ទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គមដែលជាបរិស្ថានគ្រប់ដណ្តប់ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។

សម្ដេច នាយករដ្ឋមន្ដ្រី មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះសមត្ថភាព មនសិកាស្នេហាជាតិ មាតុភូមិ និង ភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាព និងមានភាពថ្លៃថ្នូរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ