ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា នឹងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីបាញ់ប្រហារបណ្ដាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរងរបួស ចំនួន ២នាក់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា ចេញផ្សាយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្នេ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យជនរងគ្រោះចំនួន ២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាលចំនួន ២នាក់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា «ឧកញ៉ា»។

សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ»។

ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ានឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ស្របតាមមាត្រា១៩, មាត្រា២២, និងមាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ