ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ចិន ឈរជាប្រទេសលំដាប់ទី១ បានផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ផ្លូវជិត៤ពាន់គីឡូម៉ែត្រ នៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ បាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបជាង១៤ពាន់ម៉ែត្រ។
នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នាថ្ងៃទី១៩ កក្កដា លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នគម្រោងធំៗជាច្រើនត្រូវបានលេចចេញជារូបរាង ដូចជា ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ក៏បាននិងកំពុងដំណើរការសាងសង់ដែលនឹងលេចរូបរាងឡើងក្នុងពេលអនាគតផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «បើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសរុបប្រមាណជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបប្រមាណជាង១៤ពាន់ម៉ែត្រ»។
លោកឧបនាយករដ្ឋមន្ត្រីបន្ដថា ចំពោះវិស័យវិនិយោគវិញសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ មិត្តចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង ៤២% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគប្រមាណ ១.៣ពាន់លានដុល្លារ។
ក្នុងនាមប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ និងសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។
លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កម្ពុជា និងចិន នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ នេះតរៀងរហូតដល់អ្នកជំនាន់ក្រោយទៀតផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ