សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្ដិភាពយូរអង្វែង និងបំបាត់ការរើសអើងខាងជាតិសាសន៍
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្ដិភាពយូរអង្វែង ដោយហេតុថា នយោបាយ ឈ្នះ-ឈ្នះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា ជាដើម។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ កក្កដា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សន្ដិភាព និងសង្គ្រាម តំណាងឲ្យទិដ្ឋភាពពីរ នៃរបៀប ដែលយើងប្រាថ្នារស់នៅជាសង្គមមួយ និងរបៀបដែលយើងដោះស្រាយ និងភាពខុសគ្នារបស់យើង។ សន្ដិភាព និងសង្គ្រាម គឺជាស្ថានភាពដ៏ស្មុគស្មាញបំផុត ដែលមនុស្សគ្រប់រូប នឹងត្រូវប្រឈមមុខ មិនថា ជាជនរងគ្រោះ នៃសង្គ្រាម ឬអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះ និងការកសាងសន្ដិភាព»។
សម្ដេចធិបតី បន្ដថា «នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្ដិភាពយូរអង្វែង ដោយហេតុថា នយោបាយ ឈ្នះ-ឈ្នះ នេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ ខាងសាសនា រវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធិភាពដល់ពលរដ្ឋខ្មែរទាំងអស់ រួបរួមសុខដុមរមនា ក្នុងសង្គមជាមួយគ្នាថែមទៀតផង»។
ជាងនេះទៅទៀត សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក.ដោយ មានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់, ការលុបបំបាត់វប្បធម៌និទណ្ឌភាព, និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំ នៃបណ្តាប្រទេស ទូទាំងពិភពលោកអំពីផលវិបាក នៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ