ធនាគាជាតិនៃកម្ពុជា ស្នើគ្រឹះស្ថានហិរញ្ញវត្ថុ ហាមសុំអាជ្ញាធរ ឬប្រើប្រាស់ឈ្មោះអាជ្ញាធរ ចូលរួមប្រមូលឥណទានពីអតិថិជន
សៀមរាប ៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តំណាងមន្រ្តីធនាគាជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន។
ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។
លោកបានថ្លែងថា «ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ»។
លោកបានបញ្ជាក់ថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និង ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ