កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ហើយប្រជាពលរដ្ឋនៅតាមតម្រាយ នៃគម្រោងនេះ សូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងផងដែរ។

ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ បានគាំទ្រយ៉ាងពេញទំហំចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ។ បន្ទាប់ពីមានអ្នកលើកឡើងថា គម្រោងនេះ ខ្ជីលុយពីបរទេសមកកសាងនោះ សម្ដេចធិបតី ក៏បានបកស្រាយថា គម្រោងនេះ គឺជាគម្រោងវិនិយោគដោយលក្ខណៈឯកជន។

សម្ដេចធិបតី បន្ដថា គម្រោងនេះ កសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាង ប្រតិបត្តការ និងផ្ទេរ។ មានន័យថា ពេលវិស័យឯកជនប្រតិបត្តការហើយដល់ពេលវេលាណាមួយតាមកិច្ចព្រមព្រៀងនឹងផ្ទេរមកកាន់រដ្ឋវិញ។ សម្ដេច ថា ក្នុងការកសាងនោះ ក៏មានវិនិយោគិនខ្មែរលើស ៥០ភាគរយ។ សម្ដេច គូសបញ្ជាក់ថា «គម្រោងព្រែកជីកហ្វូណនតេជោ គឺមានលក្ខណៈជាតិនិយម»។

ពាក់ព័ន្ធទៅនឹងបើកការដ្ឋានសាងសង់ សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស បានត្រៀមសម្ភារៈសម្រាប់ការសាងសង់រួចរាល់អស់ហើយ។

សម្ដេច នាយករដ្ឋមន្ដ្រី គូបញ្ជាក់ថា «ខ្ញុំ សូមបញ្ជាក់ផងដែរថា ការបើកសាងសង់គម្រោងនេះ មិនយូរទេ។ ថ្ងៃមុន ខ្ញុំ ទៅគិរីរម្យ ថា បើកការដ្ឋានខែសីហា ឆ្នាំ២០២៤។ ខ្ញុំ ប្រកាសតែម្ដង គឺថ្ងៃទី៥ សីហា ២០២៤ »។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមគាំទ្រ ទាំងគោលគំនិត និងស្មារតី ដល់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីការរីកចម្រើនឈានទៅមុខដោយរលូននៃការប្រែក្លាយប្រទេសជាតិ និងចូលរួមបន្តគាំទ្រដោយជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលដែលធ្វើដើម្បីបុព្វហេតុជាតិ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង កាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះ នឹងមានទទឹងមុខ កាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែក ខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបាន ដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង , សាងសង់ស្ពានចំនួន១១កន្លែង , សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗ ទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ