សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសបើកដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។
សម្ដេច ថ្លែងយ៉ាងដូច្នេះថា «យើងនឹងបង្កើនកត្តាវិជ្ជមាន តាមរយៈការដាក់ចេញគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ ការដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗដែលបានធ្វើហើយ តាមរយៈការដាក់ចេញនូវ គោលនយោបាយអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យើងបានធ្វើកំណែទម្រង់លើកម្មវិធីផ្សេងៗ កាត់បន្ថយនូវវិធីស្មុគស្មាញ កាត់បន្ថយការិយាធិបតេយ្យ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា»។
សម្ដេចធិបតី បានរំឭកថា កាលពីថ្ងៃទី៦ ខែឧសភា សម្ដេចបានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ជរតែមួយជាតិ ដើម្បីជំរុញការអនុគ្រោះឱ្យក្រុមហ៊ុនអាចចុះឈ្មោះ ចុះបញ្ជី និងធ្វើកិច្ចការផ្សេងៗតាមប្រព័ន្ធអនឡាញដោយរហ័ស កាត់បន្ថយពេលវេលានិងតម្លៃ។
សម្ដេចធិបតី បានបន្តថា ការកាត់បន្ថយកត្តាអវិជ្ជមាន ការដោះស្រាយបញ្ហាប្រឈមចំពោះវិស័យឯកជនដែលមាន និងទាន់ពេលវេលា តាមរយៈយន្តការជួបវិស័យឯកជន តាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នា តាមដានត្រួតពិនិត្យក្នុងការដោះស្រាយបញ្ហា នឹងជួយដល់វិស័យឯកជនបានច្រើន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ