ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ហើយបានអនុញ្ញាតឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ឧសភា នេះ សម្ដេចធិបតី បានថ្លែងថា «ខ្ញុំ សូមរំលឹកថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និងលើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥»។

សម្ដេចធិបតី បន្ដថា នៅក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា «នឹងបន្តសម្រេច បានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ»។

សម្ដេចធិបតី បន្ថែមថា ជាការពិតមួយចំណែកធំ នៃកំណើតខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ជាក់ស្ដែងការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២៣, និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣។ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤, និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២%។

សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ក្នុងន័យនេះ រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការ- អនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ