ភ្នំពេញ ៖ ឆ្លើយតបទៅសាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដែលអបអរសាទរ លោកស្រី ផែថងថាន ចំពោះការឡើងកាន់តំណែងថ្មី ជានាយករដ្ឋមន្ត្រីប្រទេសថៃ, កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់នាយករដ្ឋមន្ត្រីកម្ពុជា ហើយគូសបញ្ជាក់ជាថ្មី អំពីមិត្តភាពយ៉ាងជិតស្និទ្ធនិងភាពជាដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរ។
 
ខណៈខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នឹងឈានចូលមកដល់នៅឆ្នាំក្រោយ, លោកស្រី បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤ រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាយុ ៣៧ឆ្នាំ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១ ហើយការឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រី បង្កើតប្រវត្តិសាស្រ្តថៃ ក្នុងនាមជា នាយករដ្ឋមន្ត្រី មានវ័យក្មេងជាងគេបំផុតរបស់ប្រទេស។

ក្នុងការបោះឆ្នោតរបស់រដ្ឋសភា លោកស្រីផែថងថាន ទទួលបានសំឡេងគាំទ្រ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ២៧សំឡេង។

ផែថងថាន ឬមានឈ្មោះហៅក្រៅថា Ung Ing គឺជាសមាជិកទី៣ខៃគ្រួសារត្រកូលថាក់ស៊ីន ដែលឡើងកាន់តំណែងកំពូលរបស់ប្រទេសថៃ។ លោកស្រី ក្តាប់បានអំណាចនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដូចគ្នាគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញា ចេញសាលក្រមដកតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

លោកស្រី ផែថងថាន កើតនៅថ្ងៃទី២១ខែសីហាឆ្នាំ១៩៨៦ ហើយមានប្រវត្តិរៀនសូត្រខាងវិទ្យាសាស្រ្តនយោបាយ គ្រប់គ្រងធុរកិច្ចនិងជាអ្នកជំនួញ មុនប្រឡូកចូលក្នុងវិស័យនយោបាយដ៏លេចធ្លោមុនការបោះឆ្នោតសកលឆ្នាំ២០២៣។

លោកស្រី ក៏ធ្លាប់អមដំណើរឪពុកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាលក្ខណៈគ្រួសារ មកកាន់កម្ពុជាកាលខែមីនាឆ្នាំ២០២៤ ដើម្បីជួបជុំសួរសុខទុក្ខជាលក្ខណៈមិត្តភាពផង និងជាគ្រួសារផង ជាមួយសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ