លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែបទំនើបទាន់សម័យ និងមានប្រសិទ្ធភាព
ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ណែនាំឱ្យផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែបទំនើបទាន់សម័យមានប្រសិទ្ធភាព
លោក ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ដឹកនាំពិធីផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន ដែលជាថ្នាក់ដឹកនាំគណៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ក្នុងពិធីនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ហើយជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ក្នុងពិធីនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងដោយលើកឡើងពីការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពចម្បងដែលត្រូវតែធ្វើឱ្យ «ទំនើប ទាន់សម័យ មានប្រសិទ្ធភាព» តាមរយ:ការពង្រឹងសមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន កៀរគរការចូលរួមពីសប្បុរសជន សាសនា បុគ្គលល្បី តារាល្បី កីឡាករ កីឡាការនីល្បី សាសនា។
លោកឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្របសម្រួលចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមសិល្បករខ្មែរ សមាគមអ្នកឧកញ៉ាជាដើម ចូលរួមជួយការងារផ្សព្វផ្សាយអប់រំពីសារប្រមានពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយបន្ថែមទៀត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ