សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសុន្ទរកថាក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។ ម្យ៉ាងវិញទៀត វាអនុញ្ញាតឲ្យយើងចែករំលែកអត្ថប្រយោជន៍ នៃការអភិវឌ្ឍដល់ប្រជាជនទាំងអស់ស្មើៗគ្នា។
បើតាមប្រសាសន៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, បច្ចេកវិទ្យាឌីជីថល បានបង្កើតចលករថ្មីនៃការរីកចម្រើន និងជំរុញការប្រើប្រាស់សេវាសាធារណៈសំខាន់ៗ ក៏ដូចជារួមចំណែក ក្នុងការកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ ហើយម្យ៉ាងវិញទៀត វាអាចជួយរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានអនុម័ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយមានគន្លឹះអាទិភាពចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាឌីជីថលគឺជាអាទិភាពថ្មី ដែលទើបបានកំណត់ក្នុងបញ្ចកោណទី៥ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ