នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ទូតអង់គ្លេសថា នគរបាលជាតិកម្ពុជា ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ទូតអង់គ្លេសថា នគរបាលជាតិរបស់កម្ពុជា ប្ដេជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀត។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញទទួលជួបគណៈប្រតិភូស្ថានទូតអង់គ្លេស ដឹកនាំដោយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងលោក រូប ក្លាក (Rob Clark) មន្រ្តីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ (Serious and Organised Crime Network) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនោះដែរ លោក ដូមីនិក វីល្លៀម (Dominic Williams) ក៏បានចង់ដឹងអំពីគោលជំហររបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពិនិត្យមើលនូវវិស័យណាមួយដែលភាគីអង់គ្លេសអាចជួយបំពេញបន្ថែមគាំទ្រដល់នគបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជា ចំនួន៤ រួមមាន៖
ទី១-គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស។
ទី២-ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។
ទី៣-កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សបានជាច្រើនករណី ដោយសហការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូរសហប្រតិបត្តការ។
ទី៤-នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សជាបទល្មើស ដែលមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញា និងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសឲ្យបានជោគជ័យ។
លោក ដូមីនិក វីល្លៀម បានថ្លែងអបអរសាទរដល់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជារួមបានល្អក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណភាគីអង់គ្លេស ចំពោះការវាយតម្លៃអំពីកិច្ចប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅក្នុងប្រទេស និងឯកភាពបន្តរួមសហការគ្នាតាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការជួយគាំទ្របណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ការគាំទ្រលើមធ្យោបាយឧបករណ៍សម្ភារៈបចេ្ចកវិទ្យាទំនើប ដើម្បីបន្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕