ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធីសាស្ដ្របង្រៀនមុខវិជ្ជាភាសារខ្មែរ ថ្នាក់ទី៤ ដល់ទី៦ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីសម្រេចបាននូវគោលបំណង នៃការសិក្សាមុខវិជ្ជាភាសាខ្មែរ នៅកម្រិតបឋមសិក្សា។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងអប់រំ បានដាក់ចេញនូវក្របខណ្ឌកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និងសៀវភៅសិក្សាគោល ដែលឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ ការពង្រឹងការបង្រៀន និងរៀនភាសាខ្មែរនៅ កម្រិតបឋមសិក្សា ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាដទៃ និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។ សិស្សម្នាក់ៗ ត្រូវមានចំណេះដឹងលើការអាន ការសរសេរ ការស្តាប់ ការនិយាយ និងគោលការណ៍ប្រើប្រាស់ភាសាខ្មែរ។

គោលបំណង នៃការសិក្សាមុខវិជ្ជាភាសាខ្មែរ គឺធានាឱ្យសិស្សម្នាក់ៗ៖ ១) ទទួលបានចំណេះដឹង និងបំណិន ភាសាខ្មែររឹងមាំ, ២) មានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល ,៣) អនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខវិជ្ជាដទៃទៀត និងការរស់នៅប្រចាំថ្ងៃ, ៤) ស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ។

ដើម្បីសម្រេចបាននូវគោលបំណង នៃការសិក្សាមុខវិជ្ជាភាសាខ្មែរនៅកម្រិតបឋមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូថ្នាក់ទី៤ដល់ទី៦ មាតាបិតា អ្នកអាណាព្យាបាល ដូចជា ៖ ការសិក្សាភាសាខ្មែររបស់សិស្សនៅថ្នាក់ទី១-៣ គឺ «រៀនដើម្បីចេះអាន-សរសេរ» រីឯនៅថ្នាក់ទី៤-៦ «សិស្សចេះអាន-សរសេរ ដើម្បីរៀន»។ គ្រូបង្រៀនថ្នាក់ទី៤-៦ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលនានា និងបន្តសិក្សាស្រាវជ្រាវវិធីសាស្ត្របង្រៀនថ្មីៗជាប់ជាប្រចាំ។

គ្រូបង្រៀនថ្នាក់ ទី៤-៦ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងដឹកនាំការបង្រៀននិងរៀន មុខវិជ្ជាភាសាខ្មែរ បន្ថែមលើការអនុវត្តវិធីសាស្ត្របង្រៀនដែលបាននិងកំពុងអនុវត្ត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ