សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាចំៗឱ្យទណ្ឌិត សម រង្សី ជាអ្នកនយោបាយល្ងង់ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំនួរចំៗ ទៅកាន់ទណ្ឌិត សម រង្សី ថាជា មនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ខណៈសម្តេចថា ទណ្ដិតរូបនេះ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ ប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង ក៏ដោយ ។
ការលើកឡើងចំៗឈ្មោះ និងវាយបកទៅទណ្ឌិត សម រង្សី ពីសំណាក់ សម្តេចធិបតី ធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្សី បានចេញមកវាយប្រហារ លើគម្រោងព្រែកជីកហ្វូណនតេជោ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីនេះ ថា អាចនាំគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។
បន្ទាប់ពីមានសារនេះ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅលើបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានសួរថា តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។
សម្តេច នាយករដ្ឋមន្ត្រី ថា ប្រជាជនកម្ពុជា មួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ ចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោ និងផ្ដល់ឲ្យសម្រាប់ប្រទេស និងប្រជាជនខ្មែរ។
សម្តេចធិបតី បានបន្តទៀតថា ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សា ដែលតែងតែតាំងខ្លួន ជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាព ក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វី ដែលល្អសម្រាប់ខ្មែរទៅវិញ។
ក្នុងនោះ សម្តេច បានសង្កត់ធ្ងន់ថា «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង ក៏ដោយ»។
សម្តេចធិបតី ក៏បានបញ្ជាក់ថា «សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង លោកម្ចាស់អើយ»។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ