ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើវិថីនៃការផ្លាស់ប្តូរ ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍជាឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់ លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង ។ នេះបើតាមការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នេះ, ការអភិវឌ្ឍជំនាញ ដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេងនៃកម្លាំងពលកម្មជំនាញ, ទាំងកម្រិតទាប មធ្យម និង ខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ ។ ការណ៍នេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីបុរេសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ ជាពិសេសវិស័យឯកជន ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលដៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល បានដាក់ចេញ។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងស្មារតីបុរេសកម្ម និង ឆ្លើយតបនឹងការទទូចស្នើសុំពីដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានធ្វើការសិក្សា និងវាយតម្លៃពី ស្ថានភាពតម្រូវការ និងការផ្គត់ផ្គង់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ជាមួយដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើនិន្នាការ និយាមជាអន្តរជាតិ និងក្នុងតំបន់ ដោយគួបផ្សំនឹងបរិបទកម្ពុជាផ្ទាល់ផងដែរ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ«មូលនិធិអភិវឌ្ឍជំនាញ កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត និង អនុវត្តគម្រោងសាកល្បងនៃយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ ជំនាញ កាលពី២០១៨ ក្នុងគោលបំណងធ្វើតេស្តសាកល្បងនូវយន្តការថ្មី ដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន, ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ, សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន (Funding Gap) និងបញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលបំណងពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញ ឱ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្ដុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ