ភ្នំពេញ ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ