រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើកូរ៉េ ផ្ដល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួសជុល និងដំឡើងស្ថានីយរ៉ាដា ដើម្បីធានាប្រសិទ្ធភាពការព្យាករ
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។
នាឱកាសអនុញ្ញាតឲ្យលោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ដឹកនាំគណៈប្រតិភូកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក៏ដូចជាក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងការកសាង និងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបប្រាប់គណៈប្រតិភូសាជីវកម្មកូរ៉េថា ប្រទេសកម្ពុជា ក៏ដូចជា បណ្តាប្រទេសនៅលើសាកលលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឆ្លៀតក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។
លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េបានជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹកនិងការប្រែប្រួលអាកាសធាតុក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ