ភ្នំពេញ ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ រំហូរទុនវិនិយោគនៅកម្ពុជា មានប្រមាណជាង១.៣ ប៊ីលានដុល្លារ កើនឡើងជាង៥០០% ក្នុងនោះ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វុទ្ធី អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នាពេលថ្មីៗនេះ។
លោក ជា វុទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរទុនវិនិយោគ មានការកើនឡើងយ៉ាងសម្បើម ប្រមាណជាង១.៣ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣»។
បន្ថែមពីនោះទៀត អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៣៩% នៃទុនវិនិយោគសរុប»។
បើតាមការបញ្ជាក់ របស់លោក ជា វុទ្ធី, រំហូរទុនវិនិយោគសរុបនៅកម្ពុជា មានកំណើនប្រមាណ៤.៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ កើនឡើងប្រមាណ២២% ធៀបនឹងឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២៣ រំហូរទុនវិនិយោគសរុបរបស់ចិន មានដល់ទៅប្រមាណ ជាង៣ប៊ីលានដុល្លារអាមេរិក រួមចំណែកជាងពាក់កណ្តាល (៦៦%) នៃរំហូរទុនវិនិយោគសរុប។
លោក ជា វុទ្ធី បានគូសរំលេចផងដែរថា រំហូរទុនវិនិយោគរបស់ចិន តែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងកសិឧស្សាហកម្ម។
លោកបន្ដថា ចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានសញ្ញាណវិជ្ជមានផងដែរ ដោយបានកើនឡើងដល់ជាង ១២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណជិត៥% បើធៀបទៅនឹង ឆ្នាំ២០២២។ ក្នុងនោះ រយៈពេលដូចគ្នា ការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារចិន បានកើនឡើងប្រមាណ១៩% ពីប្រមាណជាង ១.២ដល់ប្រមាណជិត១.៥ប៊ីលានដុល្លារអាមេរិក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ