ភ្នំពេញ ៖ លោក អាន សំអន នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចបញ្ឈប់បុគ្គលិកម្នាក់ឈ្មោះ ឡេង ដារ៉ូ ដែលជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ។ ការសម្រេចបញ្ឈប់បុគ្គលិករូបនេះ បន្ទាប់ពីមានមតិរិះគន់តាមបណ្ដាញសង្គមលើអ្នកបើកបរស្រឡាងរូបនេះពីការយកជើងទៅបញ្ជាចង្កូត ខណៈដែលមានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅលើស្រឡាងចរាចរណ៍នៅកណ្ដាលទន្លេ។

តាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឈ្មោះ កំពង់ចម្លងភ្នំបេញ អរិយក្សត្រ បានឲ្យដឹងនៅរសៀលថ្ងៃទី៣មិថុនា នេះថា លោក អាន សំអន នាយកកំពង់ចម្លងបានប្រជុំសម្រេចបញ្ឈប់បុគ្គលិកឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ។

ក្នុងការសម្រេចនេះ លោកនាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ ក៏បានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ។

សូមជម្រាបថា កាលពីពេលថ្មីនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិរិះគន់លើកាយវិការមិនសមរម្យរបស់អ្នកបើកបរស្រឡាញម្នាក់ដែលយកជើងទៅបញ្ជាចង្កូត ខណៈដែលអ្នកដំណើរជាច្រើនកំពុងស្ថិតនៅលើស្រឡាញកណ្ដាលទន្លេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ