ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត ស្នងការរងទទួលផែន នាយការិយាល័យរាជធានី-ខេត្ត និងអធិការខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)។

គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។

បើគិតក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤១លើក ស្មើ១១% (៣,៣១៧/២,៩៧៦លើក) ចំនួនអ្នកស្លាប់ថយចុះ ១១៩នាក់ ស្មើ៧% (១,៥៩០/១,៧០៩នាក់) និងចំនួន អ្នករបួសកើន ៤៨៩នាក់ ស្មើ១២% (៤,៥១៥/៤,០២៦នាក់)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ