រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជិត ៨ម៉ឺនដុល្លារ សម្រាប់ការសាងសង់ដំបូល នៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧៦ ៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡា បាល់បោះរទេះជនពិការកម្ពុជា (CWBF) ដើម្បីអនុវត្តគម្រោងសម្រាប់ការសាងសង់ដំបូល នៅទីលានបាល់បោះរទេះជនពិការ។ ស្ថាប័នទទួលជំនួយ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។
ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ដំបូល សម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្ត បាត់ដំបង។ ដោយសារទីលានប្រកួតមិនមានដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាចនៅពេលព្រះអាទិត្យ មិនសូវក្តៅខ្លាំង ឬអាចមិនហាត់សមតែម្តងនៅពេលមានភ្លៀងធ្លាក់។
តាមរយៈគម្រោងនេះ យើងរំពឹងថា អត្តពលិកអាចហាត់សមបានគ្រប់ពេលវេលា មិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយ ហើយនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន ក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ យើងរំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើននឹងចាប់អារម្មណ៍ ក្នុងការលេងកីឡា ហើយតាមរយៈការលេងកីឡា ពួកគេនឹងរស់នៅក្នុងសង្គម ដែលមានសុខភាពល្អនៅថ្ងៃអនាគត។
គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ