សៀមរាប ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់។ នេះបើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍ ដដែល បានឲ្យដឹងថា ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចជា ៖ ថ្ងៃទី១ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤, ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់, ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។
ថ្ងៃទី២ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤, ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់, ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។
ថ្ងៃទី៣ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤, ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់, ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។
សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន៖ ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់, ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។
សូមបញ្ជាក់ថា ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងការប្រកាសបើកយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ