កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា នៅខេត្តកំពត និងខេត្តកែប គឺមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណបើក កាស៊ីណូ ឡើយ។

ក្នុងករណីចង់បើកកាស៊ីណូ ត្រូវទៅសុំអាជ្ញាបណ្ណបើកនៅព្រំដែន នៃប្រទេសកម្ពុជា។ ប៉ុន្ដែមិនត្រូវបើកនៅក្រុងកំពត និងខេត្តកែបឡើយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កន្លងទៅមានការស៊ើបសួរអំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត។ ខ្ញុំ សូមបញ្ជាក់ថា ការបើកកាស៊ីណូ កន្លងទៅយើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅទីនេះ នៅបូកគោ។ ចឹងពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ (បូកគោ) គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូ នៅក្នុងខេត្តកំពតទៀតទេ»។

សម្ដេចធិបតី បន្ដថា បើមានការចង់វិនិយោគខាងកាស៊ីណូ ត្រូវធ្វើនៅពំ្រដែន នៅតំបន់ព្រែកចាក គឺមិនឆ្ងាយពីក្រុងឡើយ។ សម្ដេច ថា ប៉ុន្តែប្រសិនបើចង់បើកនូវសណ្ឋាគារ និងអូតែល នៅខេត្តទាំងពីរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យចេញអាជ្ញាបណ្ណបើកដំណើរ ព្រោះការបើកសណ្ឋាគារ និងអូតែល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

សម្ដេចធិបតី មានប្រសាសន៍ទៀតថា «ខេត្តកែប ដូចគ្នា គឺអត់ឲ្យអាជ្ញាប័ណ្ណធ្វើការស៊ីណូទេ។ សុំអាជ្ញាប័ណ្ណ ធ្វើតំបន់សេដ្ឋកិច្ចពិសេស ខ្ញុំ អនុញ្ញាត ឲ្យធ្វើ សូមអាជ្ញាប័ណ្ណធ្វើអូតែអនុញ្ញាត ឲ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើបូរី អនុញ្ញាត ឲ្យធ្វើ ។សូមធ្វើការស៊ីណូ អត់ទេ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា រាជរដ្ឋាភិបាល ទុកខេត្តកំពត និងខេត្តកែប សម្រាប់ឲ្យវិស័យទេសចរវិនិយោគ។ សម្ដេច ក៏បានបញ្ជាក់ទៅគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា ត្រូវអនុវត្តតាមការណែនាំនេះ ក្រោយមានសំនួរ សួរថា «តើបើកការស៊ីណូបានឬទេ? នៅក្នុងក្រុងកំពត» សម្ដេចថា បើចង់ធ្វើការស៊ីណូ គឺធ្វើនៅព្រំដែន តំបន់ព្រែកចាក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ