កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទឹកជាង១៤០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចុះហត្ថលេខាជាមួយលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project) ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១ លានដុល្លារអាមេរិក ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទឹកជាង១៤០លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នេះ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅជនបទ ក្នុងប្រទេសកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាលរវាងរាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាពប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៣ គឺសុខភាព និងសុខុមាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goal 3) ។
មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន ៧ រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី ១។
ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅក្នុងដំណាក់កាលទី១នេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ