ភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អញ្ជើញមានវត្តមាន នាឱកាសនោះ រួមមាន អនុប្រធាន ស.ស.យ.ក. លោក-លោកស្រី ជាថ្នាក់ដឹកនាំ ស.ស.យ.ក. លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនជន ភ្ញៀវកិត្តិយស និងទស្សនិកជនជាច្រើនកុះករ។
ថ្លែងមតិស្វាគមន៍ទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពាន រង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤នៅ នាឱកាសនោះ។
ជាមួយគ្នានេះ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដោយឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះមានគោលបំណងផ្តល់ឱកាសឱ្យយុវជន ដែលមកពីអង្គភាព-ស្ថាប័នខុសៗគ្នា បង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព ស្គាល់គ្នាទៅវិញទៅមក ដើម្បីក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល រួមគ្នាជាចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិ។
មានប្រសាសន៍នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះឡើងក្នុងគោលបំណងជួបជុំគ្នា រឹតចំណង មិត្តភាព សាមគ្គីភាព និងរួមចំណែកលើកស្ទួយវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព ជាពិសេសនោះគឺការចូលរួមបរិច្ចាគជួយកុមារកម្ពុជា។
ជាចុងបញ្ចប់ លោកបណ្ឌិតសភាចារ្យ បានប្រកាសបើក ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ ២០២៤ ជាផ្លូវការ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ