ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។


«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។


«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បាន កំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ