ភ្នំពេញ ៖ រយៈពេលពេញមួយឆ្នាំ នៅឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលមតិ យោបល់ សំណូមពរ ឬបញ្ហានានា ដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទាក់ទងទៅនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ចំនួន ១.០៤៧គណនី ក្នុងនោះ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៤៦៧គណនី ព្រមទាំងកំពុងដោះស្រាយ ចំនួន ៤១៩គណនី។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទន្ទឹមគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ដែលប្រជាពលរដ្ឋបានផ្ញើមកទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមការងារក៏បានជូនជាយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣កន្លងទៅនេះ ដែលមានចំនួន ៤១៩គណនី គឺបាននិងកំពុងបន្តដំណើរការដោះស្រាយ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សូមយកឱកាសនេះសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា វឌ្ឍនភាពការងារអាចសម្រេចបានខាងលើនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ