ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានបន្តកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។

តាមរយៈសេចក្ដីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខឡាវ បានឲ្យដឹងថា ដើម្បីបន្តនូវស្មារតី និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរឱ្យកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង បានចុះ ហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៤ និងបានឯកភាពបន្តយកចិត្ត ទុកដាក់លើការងារសំខាន់ៗមួយចំនួន រួមមាន៖

១. បន្តកិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ ការរត់ពន្ធ-ជួញដូរមនុស្ស ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

២. ជំរុញ និងលើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សហការឱ្យបានជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាព នៅតាមព្រំដែន ជាពិសេសផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីបទប្បញ្ញត្តិពាក់ព័ន្ធ នឹងព្រំដែន សំដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តា ខេត្តជាប់ព្រំដែន និងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី ។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានចូលរួមអបអរសាទរចំពោះ និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនឡាវ ក្នុងឱកាសដែលប្រទេសឡាវទទួលតួនាទីដ៏ឧត្តុង្គឧត្តមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ មកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ