ភ្នំពេញ ៖ នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន ៤.៤៩% បើធៀបនឹងឆ្នាំ២០២២។

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ