ភ្នំពេញ ៖ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។

បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។

ជាមួយគ្នានេះ សម្ដេចធិបតី នាយកដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់ រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។
 
យ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះទៀត ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេច នាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះ ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស! សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាករសម្លាប់មនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ