កម្ពុជា-វៀតណាម ឯកភាពគ្នាបង្កើនកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាបង្កើនកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញ នៃបទល្មើសនានា។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ព្រមទាំងបាន ឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
ទី១- បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិន ប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស។
ទី២- សហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីនេះ ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានជម្រាបជូន ឧត្តមសេនីយ៍ឯក តូ ឡឹម ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងនៅតែបន្តខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តែជិតស្និទ្ធថែមទៀត ផ្អែកលើមូលដ្ឋាននៃសមិទ្ធផល ដែល រាជរដ្ឋាភិបាលអាណត្តិមុន សម្រេចបានដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជន នៃ ប្រទេសទាំងពីរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ