សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះខ្មែរ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចកំពុងឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដែលអាចប្រើក្បាច់គុនខ្មែរនានាក្នុងការប្រកួត ដូចរបៀបរបបប្រកួតក្បាច់គុនចម្រុះ MMA។
សម្តេចធិបតី បានអះអាងថា ការធ្វើបែបនេះ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់នោះ ឱ្យត្រូវបានស្គាល់ឡើងវិញ។
ថ្លែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព ដែលមានទាំងល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមួយ ខ្ញុំមកពីប្រជុំក្រៅប្រទេស ខ្ញុំមើលកុនចិន ឃើញទ័ពហាត់ក្បាច់គុនកុងហ្វូ។ អីចឹងខ្ញុំគិតថា ចុះកម្ពុជាយើង មានល្បុក្កតោ មានក្បាច់គុនមួយចំនួន ដើម្បីជំរុញច្រើន ជាពិសេស ចូលក្នុងកងទ័ព។ យើងផ្គុំ៣ រួមមាន៖ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម យើងផ្សំជាឯកសារនេះឡើង ហើយឯកសារនេះមិនអាចរស់បានទេ បើគ្មានផែនការនៅក្នុងការជំរុញអនុវត្ត បានយើងបានដាក់ឱ្យអនុវត្ត នៅក្នុងកងទ័ពតែម្តង»។
សម្តេច បានបន្តថា «ឥលូវយើងមានការថែរក្សាសមាគមច្រើនណាស់ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម [...] ថ្ងៃមុនខ្ញុំជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនខ្មែរមិនមែនមានតែប៉ុណ្ណឹងទេ អីចឹងត្រូវរកវិធីគាស់ឡើងវិញ ដើម្បីរៀបចំថែរក្សា ទោះបីជាមិនមានអ្នកហ្វឹកហ្វឺនច្រើន ក៏ដោយ ត្រូវថែរក្សាចងក្រង។ កំពុងតែរៀបចំ គិតគូរអំពីការប្រកួតក្បាច់គុនចម្រុះ គេមាន MMA ដែលអាចយកក្បាច់គុននានាទៅប្រកួតបាន តែយើងកំពុងរៀបចំការប្រកួតមួយ គឺសេរី ចម្រុះ តែអនុញ្ញាតឱ្យប្រើតែក្បាច់គុនខ្មែរទេ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ