ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ៨៥ភាគរយ ដែលទាំងនេះសបញ្ជាក់អំពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ រួមទាំងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៉ីវិល័យលើគ្រប់វិស័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រទាក់ក្រឡាដែលជាសរសៃឈាម នៃសេដ្ឋកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៉ីវិល័យលើគ្រប់វិស័យ អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ៨៥ភាគរយ ដែលទាំងនេះសបញ្ជាក់អំពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ»។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអះអាងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរ្ដិ៍ដំណែលជាប្រវត្តិសាស្ត្រ ពីរាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ