នាយឧត្តមសេនីយ៍ ស ថេត ប្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ ថា ត្រូវតែរួមគ្នា ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក យូ សៅវិន អគ្គលេខាធិការស្តីទី នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម យូ សៅវិន បានបង្ហាញពីគោលបំណងសំខាន់ចំនួន ៣ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖
១-រាយការណ៍អំពីវឌ្ឍនភាពរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង។
២-ស្នើសុំមតិយោបល់ដឹកនាំពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង។
៣-ស្នើសុំស្វែងយល់អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង ហើយបានចាត់ទុកថាជាវេទិកាថ្នាក់តំបន់មួយសម្រាប់ប្រទេសជាសមាជិកគួរតែរួបរួមគ្នាសហការផ្លាស់ប្តូរព័តមាន គាំទ្រគ្នាទៅវិញទៅមកដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែន ដែលប្រើប្រាស់ប្រព័ន្ធបច្ចេករិទ្យាជាមធ្យោបាយ ដូចជា ៖ បទល្មើសលាក់បំពួនជួញដូរមនុស្ស, បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសជួញដូរគ្រឿងញៀនខុស ជាដើម។
ចំពោះទស្សនវិស័យនៅពេលខាងមុខ នាយឧត្តមសេនីយ៍ ស ថេត បានឯកភាព និងគាំទ្រចំពោះដំណើរប្រព្រឹត្តទៅរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និងស្នើសុំឲ្យមជ្ឈមណ្ឌល បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាការិយាល័យសម្របសម្រួលប្រចាំតំបន់ក្នុងប្រទេសជាសមាជិក។
ក្នុងជំនួបដ៏មានសារសំខាន់នេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ជូនអំពីសន្តិសុខ សណ្តាប់ធ្នាប់ ដែលជារួមគឺយើងថែរក្សាបាននូវសន្តិសភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការងារជំនាញ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋានជំនាញជួបពិភាក្សា ដើម្បផ្លាស់ប្តូរយោបល់ដកពិសោធន៍ពីគ្នាទៅវិញទៅមក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ