ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៨២៨,៥៤៦ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ ដើម្បីអនុវត្តគម្រោង។

គម្រោងទាំង៣នេះ គឺ ១. គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន៣ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា” (ថវិកាចំនួន ៥១៥,០៦០ ដុល្លារ) ស្ថាប័នទទួលជំនួយគឺ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត(AI)។  

២. គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង(ថវិកាចំនួន ៨៨,៩០០ ដុល្លារ) ស្ថាប័នទទួលជំនួយគឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង។  

៣. គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី (ថវិកាចំនួន ១៥,០៦០ ដុល្លារ) ស្ថាប័នទទួលជំនួយគឺ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជាតម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្មចំនួន៤ ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាប ក្នុងរដូវប្រមូលផល ដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ