ជនជាតិចិនម្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ត្រូវបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមវិធានការច្បាប់ បន្ទាប់ពីរូបគេបានបើកបររថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកដទៃរងរបួស និងបើកបរស្ថិតក្រោមឥទ្ធិពលសារធាតុញៀន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ករណីខាងលើនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបជាព័ត៌មាន ៖ ដោយបានអនុញ្ញាតពីសំណាក់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីជនជាតិចិនរូបនេះ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀននៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ