ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគម្រាម  រៀបចំផែនការកំចាត់ឪពុកហើយ» ។

ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថា «ករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថា គេគម្រាមអាយុជីវិតគាត់នោះទេ គឺគម្រាមសម្លាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។ ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះ គឺមានឈ្មោះ ទី ចំរើនកុសល្យ។

ដោយពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គមនិងបានសុំគោលការណ៍ពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ