ភ្នំពេញ ៖ លោកស្រី Rachel Thompson (រ៉ាឆេល ថមសុន) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈឆ្នាំ២០២៤ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគីADB ពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនោះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគីADB លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះADB ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមរៀងមក។

ជាចុងក្រោយ ភាគីADB បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ