ភ្នំពេញ ៖ កម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធស្វីស ដែលបានផ្តួចផ្តើមបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា រហូតមកទល់បច្ចុប្បន្ន ដើម្បីឱ្យមន្ទីរពេទ្យនេះអាចបន្តនិរន្តភាព ក្នុងការផ្តល់សេវាព្យាបាលដល់កុមារនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ច នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា ភាគីស្វីស បានបង្ហាញពីឆន្ទៈ និងទទួលយកសំណូមពរក្នុងការបន្តគាំទ្រដល់ដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ការពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ជាពិសេសពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការសម្អាតប្រាក់ ក៏ដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងការពង្រឹងសមត្ថភាពដល់មន្រ្ដីនៅស្ថាប័នក្រោមជាតិ ។

សូមបញ្ជាក់ជូនថា ក្នុងដំណើរទស្សនាកិច្ចនោះ ភាគីកម្ពុជា បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាមួយភាគីស្វីស និងអាល្លឺម៉ង់ លើការពង្រឹង និងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងភាពជាដៃគូរវាងកម្ពុជា-ស្វីស និងកម្ពុជា-អាល្លឺម៉ង់ ក្នុងនោះ បានផ្លាស់ប្ដូរបទពិសោធលើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមានជាអាទិ៍ អភិបាលកិច្ច សុខាភិបាល អប់រំ កសិកម្ម ការបណ្តុះបណ្តាលនគរបាល ការងារគ្រប់គ្រងពន្ធនាគារ និងការគ្រប់គ្រងរដ្ឋបាលនៅគ្រប់ជាន់ថ្នាក់។

គួររំលឹកផងដែរថា ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយបានជួបពិភាក្សាការងារជាមួយរមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មួយចំនួនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ