ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូន ឬយុវជន ឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងលើកចិត្តពួកគាត់ឱ្យសិក្សាកម្មវិធីនេះបានចប់សព្វគ្រប់។

តាមរយៈសារាចរស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការគាំទ្រនិងអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះកាន់តែច្រើនឡើង។

សម្ដេចធិបតី បន្ដថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើន ការស្រាវជ្រាវ និងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវ ចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារការងារជាក់ស្តែង ហើយ ធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗ ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។

សម្ដេចធិបតី បន្ថែមថា សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្តល់ឱកាសដល់សិស្ស និស្សិតបានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន។

សម្ដេចធិបតី គូសបញ្ជាក់ថា «អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូនឬយុវជនឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស និងលើកទឹកចិត្តពួកគាត់ឱ្យសិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ