ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបប្រវែងជាង ៣ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង ៥៨ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ និងរង់ចាំថវិកាពីប្រទេសចិន។ នេះបើយោងតាមមន្រ្តីនៃក្រសួង សាធារណការ និងដឹកជញ្ជូន។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៤នេះថា ក្រុមមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព គម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ និងរង់ចាំការពិនិត្យសម្រេចអំពីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់ប្រកាសថា គម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំជាគម្រោងអាទិភាពនៅក្នុងឆ្នាំ ២០២៤ ដែលរាជរដ្ឋាភិបាលប្ដេជ្ញាចរចារពន្លឿនការបើកការដ្ឋានឱ្យបាននៅក្នុងឆ្នាំនេះ។
គម្រោងសាងសង់ស្ពានខេត្តកំពង់ឆ្នាំង-កំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង ៥៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ចែកចេញជាពីរផ្នែក ក្នុងនោះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រនិងគម្រោងសាងសង់ផ្លូវ ៥០C ប្រវែងផ្លូវសរុប ៥៨,២០៨គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) ទទឹង ១០ម៉ែត្រ លើទទឹងតួផ្លូវ ១១ម៉ែត្រ។
លោក ផន រឹម បានបញ្ជាក់ថា នៅពេលសាងសង់រួច ផ្លូវ និងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើចរាចរាចរណ៍ឆាប់រហ័សពីផ្លូវជាតិលេខ៥ ទៅលេខ៦ និងការតភ្ជាប់ទៅផ្លូវសំខាន់ផ្សេងៗទៀត ក៏ដូចជា ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់ ព្រមទាំងជួយពន្លឿនការអភិវឌ្ឍតំបន់នោះឲ្យកាន់តែរីកចម្រើន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ