ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសម៉ុងហ្គោលី ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងស្នើដល់ភាគីម៉ុងហ្គោលី ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

ជំនួបប្រជុំទ្វេភាគីនេះបានធ្វើឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ។

ក្នុងជំនួបប្រជុំនេះ លោកបណ្ឌិត លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ុងហ្គោលី ក្នុងរយៈពេលកន្លងមក និងបានកោតសរសើរខ្ពស់ចំពោះប្រទេសម៉ុងហ្គោលី ដែលបានចូលជារដ្ឋសង្កេតការណ៍ក្នុងអនុសញ្ញាអូតាវ៉ា និងបានចូលរួមគាំទ្រ និងចូលរួមសកម្មភាពនានារបស់អនុសញ្ញា។

គូសបញ្ជាក់ផងដែរថា ប្រទេសម៉ុងហ្គោលី ធ្លាប់បានប្តេជ្ញាចិត្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក៏ប៉ុន្តែដោយសារកត្តាមួយចំនួន ដែលក្នុងនោះរួមបញ្ចូលទាំងកង្វះថវិកាផងដែរ បានធ្វើឱ្យម៉ុងហ្គោលីមិនទាន់មានលទ្ធភាពចូលរួមជារដ្ឋភាគីបាន។

លោកបណ្ឌិត លី ធុជ បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការកៀរគរជំនួយ និងផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលីបោសសម្អាតមីនប្រឆាំងមនុស្ស និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោកស្រី Davaasuren Gerelmaa បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធាន និងបានសន្យាលើកសំណើរបស់កម្ពុជាបន្តទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពិចារណា និងស្នើឱ្យមានកិច្ចពិភាក្សាបន្តរវាងកម្ពុជា និងស្ថាប័នសំខាន់ៗមួយចំនួនរបស់ប្រទេសម៉ុងហ្គោលី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ