ថៃ ៖ ពលការិនីខ្មែរម្នាក់បានស្លាប់ នៅក្នុងចំការកៅស៊ូ បន្ទាប់ពីត្រូវបានសត្វដំរីព្រៃមួយក្បាលចូលមកអុកឡុកដេញជាន់ទាំងកំរោល។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណចំការកៅស៊ូមួយកន្លែង ក្នុងស្រុកកែងហាងម៉េវ ខេត្តច័ន្ទបុរី ប្រទេសថៃ។
តាមការអះអាងពីមិត្តភក្កិរួមការងារជាមួយជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេទាំងអស់គ្នា មានចំនួន ៦ នាក់ បានធ្វើដំណើរចូលទៅក្នុងចំការកៅស៊ូ ព្រមទាំងបានបែកផ្លូវគ្នាដើម្បីទៅចាក់យកជ័រកៅស៊ូ។ ភ្លាមៗនោះដែរក៏ស្រាប់តែឃើញមានដំរីព្រៃមួយក្បាលយ៉ាងធំថែមទាំងមានភ្លុក បានដេញពួកគេទាំងអស់គ្នារត់ប្រសេចប្រសាចហើយដំរីនោះក៏បានដេញតាមជនរងគ្រោះរហូតទាន់ដោយបានទាត់មួយជើង និងជាន់បន្ថែមរួចក៏រត់បន្តចូលទៅក្នុងព្រៃបាត់ទៅ។ភ្លាមៗក៏រៀបចំបម្រុងនាំជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលស្លាប់បាត់ទៅហើយ។
ជនរងគ្រោះមានឈ្មោះ ស៊ីម សុគន្ធ ភេទស្រី អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិរិទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទៅធ្វើការងារជាកម្មករនៅក្នុងចំការកៅស៊ូនា ខេត្តច័ន្ទបុរី ប្រទេសថៃ។
បច្ចុប្បន្នសមត្ថកិច្ចថៃបាននិងកំពុងរៀបចំសពដើម្បីបញ្ជូនមកកម្ពុជាវិញ ក្នុងការរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ