ភ្នំពេញ ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្ដលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែជាប្រាក់រៀល និងស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ជម្រើសឱ្យអតិថិជន ទាំងអស់មានលទ្ធភាព ក្នុងការប្រើប្រាស់ឃូអរកូដ (QR code) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ជាប្រាក់រៀល ជាប្រចាំថ្ងៃរបស់ពលរដ្ឋ។


ការលើកទឹកចិត្តរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញចូលរួម ក្នុងកម្មវិធីខួបលើកទី៤៤ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។


លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ក្នុងការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ក្នុងការទូទាត់ប្រាក់ឈ្នួល ក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។


ការស្រាវជ្រាវបានរកឃើញថា កម្មករមានចំណូល ជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀល ប្រមាណជាង៨០ភាគរយ បញ្ហានេះនាំឱ្យកម្មករខាតបង់ពេលវេលា និងប្រាក់កាសដោយសារការប្ដូរប្រាក់ ផ្អែកតាមការអង្កេតកម្មករជាច្រើន ក៏បានសម្តែងការយល់ស្រប លើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមួយផ្នែកជាប្រាក់រៀលផងដែរ។


លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ផ្ដល់ជម្រើសឱ្យអតិថិជន ទាំងអស់មានលទ្ធភាព ក្នុងការប្រើប្រាស់ ឃូអរកូដ (QR code) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ