ភ្នំពេញ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានណែនាំដល់ក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ត្រូវរៀបចំស្ដង់ដារ SOP (ស្ដង់ដារនីតិវិធីអនុវត្ត) ដើម្បីគ្រប់គ្រងការនាំចូលសារធាតុគីមីគ្រប់ប្រភេទ ពិសេសសារធាតុដែលអាចយកទៅកែច្នៃផលិតជាគ្រឿងញៀនបាន។

លោក កេត សោផាន់ អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោមបញ្ចប់កិច្ចប្រជុំនេះថា ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បែបនេះទៅកាន់ក្រុមការងារអន្ដរក្រសួង ធ្វើឡើងសំដៅពង្រឹងយន្ដទប់ស្កាត់ការយកនូវសារធាតុគីមីផ្សំទាំងអស់នោះ ទៅលួចកែច្នៃផលិតជាគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមឧក្រិដ្ឋជន។

លោក បានបន្ដទៀតថា នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ការរៀបចំស្ដង់ដារ SOP នេះត្រូវធ្វើដោយភាពសាមញ្ញ ហើយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ប៉ុន្ដែកុំបង្កឲ្យមានភាពស្មុគស្មាញដល់ក្រុមហ៊ុន ដែលនាំចូលនូវសារធាតុគីមី ដើម្បីយកមកបម្រើឲ្យសេចក្ដីត្រូវការរបស់គេ ពិសេសក្នុងវិស័យឧស្សាហកម្ម សុខាភិបាល វិស័យរ៉ែ និងវិស័យដែលមានការពាក់ព័ន្ធផ្សេងទៀត។

បើតាម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, តាមបណ្ដាក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ក៏ត្រូវរៀបចំយន្ដការសម្រាប់ប្រើប្រាស់ផ្ទៃក្នុងរបស់ខ្លួនដូចគ្នាផងដែរ ពោលសំដៅធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រង ប្រើប្រាស់នូវសារធាតុគីមីផ្សំ ហើយកុំឲ្យសារធាតុគីមីផ្សំនេះធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋជនដែលបង្កបរិយាកាសឲ្យពួកគេ លួចកែច្នៃផលិតគ្រឿងញៀនបានជាដាច់ខាត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ