ភ្នំពេញ ៖ ផ្លូវជនបទជាច្រើនខ្សែ នៅក្នុងខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ បន្ទាប់ពីគណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក (WB) បានអនុម័តឥណទានចំនួន ៣៥លានដុល្លារអាមេរិក បន្ថែមសម្រាប់គម្រោងនេះ៕
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ផ្តល់ឥណទានបន្ថែមនេះ សម្រាប់ «គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់» Cambodia Road Connectivity Improvement Project (RCIP) ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ។ ខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់នៅតាមតំបន់ជនបទ។ គម្រោង RCIP នេះត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានចំនួន ១០០លានដុល្លាអាមេរិក។
គម្រោង RCIP នេះ ផ្តល់ថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលនៅក្នុងរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia ជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយដែលគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងនេះ បង្កហានិភ័យដល់លទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ មានដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលជះអវិជ្ជមានឥតស្រាកស្រាន្ត ទៅលើការរស់នៅរបស់ពលរដ្ឋ ក្នុងខេត្តទាំងបី។ ស្ថានភាពផ្លូវអន់ ក៏ជាហេតុនាំឲ្យមានចំណាយខ្ពស់លើការដឹកជញ្ជូន និងឡូហ្ស៊ិស្ទិកសម្រាប់កសិផលសំខាន់ៗ នៅក្នុងខេត្តគោលដៅទាំងនេះដែរ។
ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ ឲ្យចំណាយគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេស នៅក្នុងកិច្ចសន្យាធ្វើផ្លូវ។ អតិផរណាខ្ពស់ និងការឡើងថ្លៃលើធាតុចូលសំខាន់ៗ ដូចជាឥន្ធនៈ និងកៅស៊ូអ៊ុតផ្លូវ ក្នុងអំឡុងពេលបីឆ្នាំមកនេះ បានធ្វើឲ្យថ្លៃចំណាយឡើងហួសការប៉ាន់ស្មាន នៅក្នុងឆ្នាំ២០១៩ មុនពេលគម្រោងត្រូវបានអនុម័តជាលើកដំបូង ទៅទៀត។ លើសពីនេះ កិច្ចការនវានវុត្តន៍មួយចំនួនដែលការសិក្សាស្ទង់លម្អិតបានរកឃើញ និងការរចនាផ្នែកវិស្វកម្មសម្រាប់គម្រោងផ្លូវ ក៏តម្រូវឲ្យមានថវិកាទ្រទ្រង់ថែមទៀតដែរ។ បច្ចុប្បន្ននេះ ការងារស្តារសម្បទាផ្លូវត្រូវបានអនុវត្តលើផ្លូវប្រវែង ១៣០គីឡូម៉ែត្រ នៃផ្លូវជាតិនិងផ្លូវខេត្តគោលដៅ និងលើផ្លូវ ១៤២គីឡូម៉ែត្រ នៃប្រវែងសរុប ២៧៩គីឡូម៉ែត្រ នៃផ្លូវជនបទដែលជាគោលដៅ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ