ក្រសួងបរិស្ថាន ដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ពិនិត្យឃើញថាក្នុងរយៈពេលចុងក្រោយនេះមានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុងបានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។
ក្នុងន័យនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
ទី១៖ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
ទី២៖ សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
ទី៣៖ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ទី៤៖ បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងបរិស្ថាន ក៏សូមក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ទីរបរិស្ថានរាជធានីខេត្ត សាធារណជន និងបុគ្គលពាក់ព័ន្ធចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ